
កាលបរិច្ឆេទ: ១៧ កញ្ញា ២០២៦ / កសិកម្ម / Author : ATH Sokren
កាលពីចុងខែសីហា កន្លងទៅលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន-សហគ្រាស PPM-Confirel ត្រូវបានអញ្ជើញទៅធ្វើវិគ្មិនក្នុងសិក្សាសាលាស្តីអំពី៖ «មេរៀនពីដំណើរជីវិតរបស់ស្ថាបនិកខ្មែរម្នាក់ៈ ផ្តើមចេញពីការច្នៃប្រឌិតទៅកាន់ការកសាងឡើងវិញ» (From innovation to recontructrion lesson from a founder's jouney) ដែលរៀបចំឡើងដោយសាកលវិទ្យាល័យពាណិជ្ជកម្មអេស៊ីលីដា។
នៅចំពោះមុខនិស្សិតប្រុស-ស្រីជាងបីរយនាក់ លោកឱសថបណ្ឌិតហៃ លីអ៊ាង បានរំលឹកពីប្រវត្តិសាស្រ្តខ្លះៗរបស់ប្រទេសកម្ពុជា ផ្តើមចេញពីសម័យអាណានិគមបារាំង សម័យសង្គ្រាមស៊ីវិលក្នុងស្រុកពីឆ្នាំ ១៩៧០ ដល់ ១៩៧៩ និងការវិលត្រលប់មកកាន់ប្រទេសកម្ពុជារបស់លោកក្នុងទសវត្សរ៍ ៩០ ដើម្បីឱ្យយុវជនជំនាន់ក្រោយបានយល់ពីរឿងរាវរបស់ប្រទេសខ្លួន។
លោកឱសថបណ្ឌិតហៃ លីអ៊ាងបានបញ្ជាក់នៅចំពោះមុខនិស្សិតវ័យក្មេងទាំងបីរយនាក់ថា វត្តមានរបស់ប៉េប៉េអឹមនាពេលបច្ចុប្បន្នមិនមែនកើតឡើងដោយចៃដន្យទេ។ លោកបញ្ជាក់ថា ដើម្បីជួយស្តារឡើងវិញនូវឯករាជ្យភាពផ្នែកឱសថសម្រាប់ប្រទេសកម្ពុជា លោកបានវិលត្រលប់មកប្រទេសកម្ពុជានៅឆ្នាំ ១៩៩២ ក្នុងពេលដែលប្រទេសជាតិកំពុងជួបនូវទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសមហាអំណាច ប្រជាពលរដ្ឋខ្មែរចេញពីសង្គ្រាមខ្វះខាត សព្វបែបយ៉ាង។ ក្នុងចំណុចនេះ លោកបានព្យាយាមប្រមូលថ្នាំពីបរទេសយកមកជួយប្រជាពលរដ្ឋខ្មែរតាមរយៈអង្គការមនុស្សធម៌អស់ជាច្រើនឆ្នាំ តែស្របពេលនឹងតម្រូវការឱសថកាន់តែខ្ពស់ និងឱកាសមកដល់ លោកបានរៀបចំបង្កើតសហគ្រាសផលិតឱសថប៉េប៉េអឹមកាលពីឆ្នាំ ១៩៩៦ ដោយប្រមែប្រមូលធនធានមនុស្សដែលលោកស្គាល់ និងនៅសេសសល់ពីស្លាប់ក្នុងរបបខ្មែរក្រហម។
គុណភាព ប្រសិទ្ធភាព និងផលិតផលឱសថដែលមានតម្លៃសមរម្យបានធ្វើឱ្យផលិតផលប៉េប៉េអឹមហក់ចូលទៅក្នុងទីផ្សារអន្តរជាតិដោយផ្តើមចេញពីប្រទេស ហ្គីណេនៅឆ្នាំ២០០០ ហើយបន្តបន្ទាប់ប៉េប៉េអឹមបានចាប់យកចំណែកទីផ្សារនៃបណ្តាប្រទេសអាហ្វ្រិកនិយាយភាសាបារាំងដែលបច្ចុប្បន្នមានរហូតដល់១៨ ប្រទេស ហើយសព្វថ្ងៃនេះ ផលិតផលឱសថរបស់
ប៉េប៉េអឹមបានឈរនៅលំដាប់ Top 10 ក្នុងចំណោមក្រុមហ៊ុនឱសថជាង ៦០០ នៅប្រទេសអាហ្វ្រិក។
លោកឱសថបណ្ឌិតហៃ លីអ៊ាងបានគូសបញ្ជាក់ថា៖ «កាលពីឆ្នាំ១៩៩៦ ចេញពីចំណេះដឹងដែលយើងមាន ជាមួយនឹងទិសដៅច្បាស់លាស់ក្នុងគោលបំណងផ្តល់នូវឯករាជ្យភាពផ្នែកឱសថដល់ប្រទេសកម្ពុជា យើងបានផលិតនូវផលិតផលឱសថដែលមានការទទួលស្គាល់ មិនមែនសម្រាប់តែប្រទេសកម្ពុជាទេ តែក៏សម្រាប់បណ្តាប្រទេសអាហ្វ្រិកដែលមានស្ថានភាពប្រហាក់ប្រហែលនឹងប្រទេសកម្ពុជាផងដែរ។ ជោគជ័យនេះ បង្ហាញថា យើងអាចធ្វើបាន។ យើងអាចសហការជាមួយគេបាន ហើយនេះ ជាមោទនភាពរបស់យើង និងប្រទេសយើងថាយើងអាចធ្វើបាន»។
លោកឱសថបណ្ឌិតបានបញ្ជាក់បន្ថែមថា ការឈរជើងយ៉ាងរឹងមាំរបស់ប៉េប៉េអឹមក្នុងរយៈពេល ៣០ ឆ្នាំ ជាមេរៀនតម្រង់ទិសដែលមិនអាចប្រកែកបានថា ប៉េប៉េអឹមកំពុងតែដើរលើផ្លូវត្រឹមត្រូវដែលខ្លួនបានជ្រើសរើស ជាមួយនឹងចក្ខុវិស័យច្បាស់លាស់សម្រាប់អាជីវកម្មរបស់ខ្លួន។
បន្ទាប់ពីរៀបរាប់ពីជាផ្លូវដ៏វែងឆ្ងាយរបស់ប៉េប៉េអឹម លោកឱសថបណ្ឌិតហៃ លីអ៊ាង ក៏បានរំលេចផងដែរពីចក្ខុវិស័យនៃការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ និងការអភិវឌ្ឍប្រកបដោយនិរន្តភាពដែលលោកបានអនុវត្តអស់ ២៥ ឆ្នាំ ដោយជោគជ័យ ជាមួយនឹងក្រុមហ៊ុនខនហ្វីរេល ដែលជាក្រុមហ៊ុនកែច្នៃកសិ-អាហារចេញពីទីជនបទ ដើម្បីចូលរួមផ្តល់នូវតម្លៃបន្ថែមដល់ផលិតផលកសិករខ្មែរ និងលើកកម្ពស់ជីវភាព សេដ្ឋកិច្ច និងកាត់បន្ថយគម្លាត់រវាងទីក្រុង និងជនបទ។
ក្នុងចំណុចនេះ លោកផ្តោតជាសំខាន់ទៅលើគំនិតច្នៃប្រឌិត ឬនវានុវត្តន៍សម្រាប់គ្រប់ផលិតផល។ នៅឆ្នាំ ២០០១ ខនហ្វីរេលបានចាប់ផ្តើមអាជីវកម្មកែច្នៃផលិតផលស្ករត្នោត ដែលជាផលិតផលដូនតា និងជាអត្តសញ្ញាណជាតិ។ បួនឆ្នាំក្រោមមក ផលិតផលស្ករត្នោតខនហ្វីរេលទទួលបានពានរង្វាន់ត្នោតមាសក្នុងពិព័រណ៍អន្តរជាតិ Nat-Expo 2005 នៅប្រទេសបារាំង។ បន្ទាប់មកខនហ្វីរេលបានដាំដុះ និងកែច្នៃម្រេចកំពតដៃល្បីល្បាញនៅប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបណ្ណបត្រជាផលិតផលសម្គាល់ភូមិសាស្រ្តពីសហភាពអឺរ៉ុប ទទួលបានការចាប់អារម្មណ៍ និងឱ្យតម្លៃពីអន្តរជាតិ ហើយចុងក្រោយនេះ ខនហ្វីរេលបានកែច្នៃផលិតផលប្រហុកដូនតា ឱ្យក្លាយជាប្រហុកម្សៅទំនើប និងទទួលបានកម្មសិទ្ធិបញ្ញអន្តរជាតិទៀតផង។
លោកឱសថបណ្ឌិតហៃ លីអ៊ាងបានបញ្ជាក់ថា៖ «ដើមកំណើតដែលធ្វើឱ្យយើងពង្រីកផលិតកម្មកែច្នៃ ដូចជាត្នោត ម្រេចកំពត ប្រហុក និងផលិតផលផ្សេងៗទៀត ព្រោះពិភពលោកគេទទួលស្គាល់យើង ដូចជាចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ...ជាដើម។ ដូច្នេះទីផ្សារមានហើយ យើងនៅតែធ្វើយ៉ាងម៉េចឱ្យមានភាពរលូនរវាងពីផលិតកម្មទៅកាន់ទីផ្សារ។ អ៊ីចឹងតួនាទីរបស់ក្មួយៗនៅទីនេះដែលសុទ្ធសឹងជាអ្នកជំនាញ Business ត្រូវជំរុញធ្វើម៉េចឱ្យរីកចម្រើន គេស្គាល់ផលិតផលយើង ព្រោះថា សព្វថ្ងៃបរទេសគេស្គាល់ខនហ្វីរេលតាមរយៈផលិតផលកែច្នៃរបស់យើង ស្គាល់អត្តសញ្ញាណ វប្បធម៌ ប្រវត្តិសាស្រ្ត និងការច្នៃប្រឌិតរបស់យើង ហើយអ្វីៗទាំងនេះបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជន និងប្រទេសជាតិរបស់យើងទាំងអស់គ្នា»។
បន្ទាប់ពីបញ្ចាប់បាឋកថា និងឆ្លើយសំណួរជាច្រើនរបស់និស្សិតដែលបានចូលរួម លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បានផ្តាំផ្ញើឱ្យយុវជនជំនាន់ក្រោយទាំងអស់ថា តាមរយៈអ្វីដែល
លោកបានសរសេរទុកក្នុងសៀវភៅទាំងពីររបស់លោកគឺ «ចករសាត់កាត់ព្យុះកម្ពុជា» និងសៀវភៅ «ពន្លឺថ្មីលើដែនដីចាស់» ដែលទើបបោះពុម្ពផ្សាយ បូករួមទាំងចំណេះដឹងបែបវិទ្យាសាស្រ្ត ត្រូវយកទៅអនុវត្តជាក់ស្តែងដើម្បីធ្វើឱ្យចេញជាលទ្ធផល។ លោកបានសង្កាត់ធ្ងន់ថា៖ «លុយពុំមែនធ្លាក់ពីលើមេឃ ឬទៅយកពីអ្នកនេះ ឬអ្នកនោះ នោះទេ។ លុយគឺកើតចេញពីផលិតផលមួយ ហើយក្នុងតម្លៃមួយដុល្លារនេះ យើងត្រូវដឹងថា វាចេញមកពីណា? វាបានបង្កើតអ្វីខ្លះ? គឺវាមាន Cycle របស់វា ហើយនេះជាសេចក្តីផ្តាំផ្ញើរបស់ពូ ថាដូនតារបស់យើងបានទុកឱ្យយើងនូវមរតកច្រើនណាស់ យើងត្រូវតែចូលរួមថែរក្សា និងពង្រីកបន្ថែម»៕